ប្រិយមិត្តអ្នកអាន ប្រាកដជាដឹងហើយថាបច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើន ដែលអាចជួយក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។ ជាឧទាហរណ៍ យើងឃើញថា ហាងប្ដូរប្រាក់នីមួយៗតែងតែទិញចូលនូវតម្លៃហាងឆេងរូបិយប័ណ្ណក្នុងតម្លៃទាប និងលក់ចេញវិញនៅតម្លៃមួយដែលខ្ពស់ជាង ហើយគម្លាតថ្លៃទាំងនេះ គឺជាផ្នែកមួយនៃអាជីវកម្ម ក៏ដូចជាប្រាក់ចំណេញរបស់ហាងប្ដូរប្រាក់ទាំងនោះ។ មិនខុសគ្នាពីអាជីវកម្មនៃហាងប្ដូរប្រាក់ អតិថិជនឬវិនិយោគិន ក៏អាចធ្វើការជួញដូរទៅលើហាងឆេងរូបិយប័ណ្ណទាំងនោះបានដែរ ហើយកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពតាមរយៈការជួញដូរឧបករណ៍និស្សន្ទ(ដេរីវ៉េទីវ) ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។
ក្នុងថ្ងៃនេះ Business Cambodia នឹងនាំប្រិយមិត្តអ្នកអានទាំងអស់គ្នាឱ្យដឹងកាន់តែច្បាស់អំពីឧបករណ៍និស្សន្ទ តាមរយៈលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទប្រកបដោយភាពទុកចិត្ត មានប្រព័ន្ធជួញដូរនិងប្រព័ន្ធទិន្នន័យឈានមុខគេ ព្រមទាំងមានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ។ លោក សំណាង មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុ និងមានជំនាញច្បាស់លាស់ក្នុងការវិភាគទីផ្សារ ការផ្ដល់ការប្រឹក្សា និងការផ្ដល់ចំណេះដឹងដល់សាធារណៈជនតាមរយៈសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។
តើអ្វីទៅជាការជួញដូរឧបករណ៍និស្សន្ទ?
ការជួញដូរឧបករណ៍និស្សន្ទ ឬដេរីវ៉េទីវ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រ សន្ទស្សន៍លោហៈធាតុមានតម្លៃ រូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម។ ឧទាហរណ៍៖ បើយើងទិញមាសក្នុងតម្លៃ$១,៣៨៥ក្នុង១អោន ហើយនៅពីរថ្ងៃក្រោយមក ហាងឆេងមាសបានឡើងដល់$១,៤១៥ក្នុង១អោន នោះវិនិយោគិនអាចរកប្រាក់ចំណេញតាមរយៈការទិញបាន$៣,០០០ក្នុង១ឯកតាចូលផ្សារ។ ស្របគ្នានេះដែរ បើហាងឆេងមាសកំពុងតែធ្លាក់ចុះពី$១,៤១៥ក្នុង១អោន ទៅ$១,៣៨៥ នោះវិនិយោគិនក៏អាចរកបានប្រាក់ចំណេញតាមរយៈការលក់បាន$៣,០០០ក្នុង១ឯកតាចូលផ្សារដូចគ្នា។
ការជួញដូរឧបករណ៍និស្សន្ទនេះ មានការពេញនិយមយ៉ាងខ្លាំងនៅបណ្ដាប្រទេសរីកចម្រើន ដូចជាចក្រភពអង់គ្លេស និងប្រទេសសិង្ហបុរីជាដើម ហើយកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងនៅប្រទេសកម្ពុជាយើង។ វិនិយោគិនមិនចាំបាច់មានដើមទុនធំពេកទេ ដើម្បីអាចបណ្ដាក់ទុនវិនិយោគបាននោះ។
បម្រែបម្រួលនៃទីផ្សារឧបករណ៍និស្សន្ទ មានទំនាក់ទំនងនឹងកត្តាសេដ្ឋកិច្ច កត្តាភូមិសាស្រ្តនយោបាយ និងកត្តាបច្ចេកទេសផងដែរ។ ដូច្នេះ វិនិយោគិនមានឱកាសច្រើនក្នុងការក្ដាប់បម្រែបម្រួលនៃទីផ្សារ និងបង្កើនប្រាក់ចំណេញ។
តើនរណាខ្លះគួរតែវិនិយោគលើឧបករណ៍និស្សន្ទ?
ជាទូទៅ ប្រជាជនទាំងអស់សុទ្ធតែអាចធ្វើការវិនិយោគទៅលើឧបករណ៍និស្សន្ទ។ ដូចដែលបានបញ្ជាក់ខាងលើ វិនិយោគិន អាចធ្វើការវិនិយោគបាន ដោយមិនចាំបាច់ត្រូវតែមានដើមទុនធំនោះទេ ហើយការជួញដូរទៀតសោត ក៏មិនមានភាពស្មុគស្មាញខ្លាំងដែរ។ យ៉ាងណាមិញ វិនិយោគិន គួរតែយកចិត្តទុកដាក់ទៅលើការបែងចែកចំណូលចំណាយ ការគ្រប់គ្រងទ្រព្យធន ការគ្រប់គ្រងស្ថានការណ៍ ព្រមទាំងការគ្រប់គ្រងអារម្មណ៍ មុននឹងធ្វើការសម្រេចចិត្តវិនិយោគលើទីផ្សារមួយនេះ។ ដើម្បីធ្វើឱ្យការជួញដូរលើឧបករណ៍និស្សន្ទនេះឱ្យមានលទ្ធផលល្អ វិនិយោគិនគួរតែស្វែងយល់អំពីព័ត៌មាននិងមូលដ្ឋាននៃនិន្នាការនយោបាយហិរញ្ញវត្ថុ បច្ចេកទេស និងពេលវេលាក្នុងការជួញដូរផងដែរ។
ដើម្បីជាជំនួយដល់វិនិយោគិន លោក សំណាង ក៏មានជាវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនជំនាញជួញដូរដល់ពួកគាត់ផងដែរ។